Sayfalar

Monday, August 31, 2015

ម្ចាស់ផលិតកម្ម​បន្ត​ព្រមាន​​ប៉ែន, ចំរ៉ុង, និង​​​គំរាម​​​​​កាត់​កាល់​កូន​ស្រី


ភ្លើង​ស្នេហ៍មួយ​ដែល​ឪពុក​ខាងស្រី​ចាត់ទុក​ថា ខុស​តម្រា” រវាងតារាសម្តែង​និង​ពិធីករ ​​​​​​លោក ប៉ែន ចំរ៉ុង ​និង​​កញ្ញា ​​ភិន សុដាលីស ​​​​បាន​បង្ខំ​​ឲ្យ​​លោក អ៊ិន សុភិន ​​ជា​​​ឪពុក​​ភិន សុដាលីស និង​​ជា​ម្ចាស់​​ផលិតកម្ម​មហាហង្ស​​ ប្រកាស​​ថា​អាច​នឹង​ឈាន​ដល់​ការ​កាត់​កាល់​កូន​ស្រីនិង​ប្រកាស​ព្រមាន​លោក​ ប៉ែន ចំរ៉ុង បើអ្នក​​ទាំង​ពីរ​នៅ​តែ​​​​​​លួច​​ទាក់​ទងគ្នាតទៀត​​។ រឿង​រ៉ាវ​អាស្រូវ​មួយ​នេះ ​​លោក​​អះ​អាង​ថា​បង្ក​ឡើង​ដោយ​​​​​​ ​​ប៉ែន ចំរ៉ុង ទាំង​ស្រុង និង​ស្រឡាញ់មនុស្ស​​​​​​​​​​​​​​​​​មិន​ស្គាល់ថា​ជា​​របស់​គេ​​។​

លោក​ អ៊ិន សុភិន បាន​ផ្ដល់​សម្ភាសន៍​​​ដល់វីអូឌីបន្ទាប់​ពី​ផ្ទុះ​ជម្លោះ​វាយ​តប់​ជា​មួយ ​ប៉ែន​ ចំរ៉ុង​ ថា ​​លោក​​​​នឹង​រារាំង​​​ភ្លើង​ស្នេហ៍​ដល់​ទី​បញ្ចប់​ បើ​ទោះ​ជា​លោក​បាន​សារភាព​ថា​​មិន​អាច​​​ហាម​ប្រាម​​កូន​ស្រីរបស់​​​​ខ្លួន​​១០០%ក៏​ដោយ​​។ លោក​ចាត់ទុក​​​​​​​​ទំនាក់​ទំនងនេះ​"​​​​ខុស​តម្រា​” ដែល​ថា​​កើត​​មាន​ឡើង​បន្ទាប់​ពី​លោក​បាន​​​​​​​ហៅ​លោក​ប៉ែន ចំរ៉ុង ​ឲ្យ​មក​​សម្ដែង​តួ​ឯក​​ច្រើន​​រឿង​ជា​មួយ​ ​​​​ភិន សុដាលីស ជា​កូន​ស្រី​តែ​ម្នាក់​របស់​ខ្លួន​។ ​លោក​និយាយ​ថា៖ “ខ្ញុំ​មិននឹក​ស្មាន​ថា​​ចំរ៉ុងជា​មនុស្ស​បែប​ហ្នឹង​ទេ ពី​ដំបូ​ង​ខ្ញុំ​ឃើញ​​​​​​វា​មក​ស្និទ្ធិ​ស្នាល​ជា​មួយ​កូន​ខ្ញុំ។ ខ្ញុំ​​​​ស្មានតា​​​​​​​រាប់​អាន​ដូច​អ្នក​សិល្បៈតើ ប៉ុន្តែ​ដឹង​អី​គាត់​ទាក់​ទង​ដាលីស គាត់​ប្រើ​​គ្រប់​មធ្យោបាយ​​​​​រហូត​ធ្វើ​​ឲ្យ​កូន​ខ្ញុំ​បាក់​ចិត្ត​​​​​​​។ ខ្ញុំ​​ប្រាប់​គាត់​ថា​កុំ​ធ្វើ​អញ្ចឹង​​​ព្រោះ​កូន​ខ្ញុំ​គាត់​មាន​គូ​ដណ្ដឹង​ហើយ ​​ ​ចំរ៉ុង​ឯង​ចាស់​ទុំ​ជាង​គាត់ ​កុំ​​ឲ្យ​កូនខ្ញុំ​បាក់​ចិត្ត ប៉ុន្តែ​​គាត់​និយាយ​ជា​មួយ​យើង​ឡូយ​ណាស់ ​កុំ​ភ័យ​បង​ៗ​ ប៉ុន្តែការ​ពិត​​​គាត់​ផ្គើន​យើងរហូត!”។

លោក​ អ៊ិន សុភិន ​សារភាព​ថា​កូន​ស្រី​របស់​ខ្លួន​​បាក់​ចិត្ត​ស្រឡាញ់​ប៉ែន ចំរ៉ុង បន្ទាប់​ពីសម្ដែង​រួម​គ្នា​ ​​ប៉ុន្តែ​​លោកចោទ​​​ថាដោយ​សារ​តែ​​ ប៉ែន ចំរ៉ុង ​​ឆ្លៀត​ឱកាសនិង​​​ប្រើពាក្យ​សម្ដី​កាយវិកា​ធ្វើ​​ឲ្យ​កូន​ខ្លួន​បាក់​ចិត្ត។ ​លោក ​​អ៊ិន សុភិន និយាយ​ថា៖ “នៅ​ពេល​ខ្ញុំ​ធំ​ក្លិន​មិនស្រួល ខ្ញុំ​​​​អត់​មាន​ជំទាស់ទេ ដោយ​សារគិត​ថា​​​​បើ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ក៏​ល្អ​ម្យ៉ាង​ដែរ ព្រោះ​​​​ជា​តារា​ដូច​គ្នា​ ​ប៉ុន្តែ​ដល់​ពេល​​ស្គាល់​គាត់​យូរ​​ៗ បាន​ខ្ញុំ​ដឹង​ថា​​​ចំរ៉ុង លេង​សើចជាមួយ​កូន​ខ្ញុំ​ប៉ុណ្ណោះ ទើប​​ខ្ញុំ​​​​​សុំ​គាត់ថា​​​កុំ​ធ្វើ​អញ្ចឹង កុំ​​បំផ្លាញ​ទឹក​ចិត្ត​ក្មេង ព្រោះ​គ្នា​មាន​គូ​ដណ្ដឹងហើយ​ ​​បើ​ស្រឡាញ់​​គឺ​ស្រឡាញ់​មែន​ទែន​ទៅ ខ្ញុំ​​អត់​ជំទាស់​ទេ ប៉ុន្តែ​​​​​​​គាត់​​​​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កាន់​តែ​ច្បាស់​ថា​គាត់​បោក​កូន​ខ្ញុំ​​ ទើប​ខ្ញុំ​​​​​​​​ទទួល​យក​អត់​បាន​!”។​ ​លោកបន្ត​ថា​កូនស្រី​របស់​លោក​​មាន​គូ​ដណ្ដឹង​រួច​ហើយនិង​ជា​​​​​​​ក្រុម​ការងារ​នៅ​ក្នុង​ផលិតកម្ម​មហាហង្សផង។​ ​​

លោក​បាន​ចោទ​លោក​​ប៉ែន ចំរ៉ុង ថា​មិន​ស្រឡាញ់កូន​របស់​លោក​ពិតប្រាក​ដនោះទេ។ លោកបន្ត​ថា​បើ​លោក ប៉ែន ចំរ៉ុង ពិត​ជា​ស្រឡាញ់​​កូន​​របស់​លោក ​គឺ​​សារភាព​ទៅ ​ហើយ​លោក​​ជា​ឪពុក​មិន​​ប្រឹង​បំបែក​បំបាក់​កូន ​​​​​​ធ្វើ​​ឲ្យ​កូន​​ទឹក​ភ្នែក​នោះ​ទេ។ ​លោក​និយាយ​ថា​៖ “បើ​គាត់​និយាយ​តែ​មួយ​ម៉ាត់​ថា​បង​អើយ ឥឡូវ​ពួក​ខ្ញុំ​ស្រឡាញ់​គ្នា ខ្ញុំ​គិត​គូរ​បាត់​ហើយ ប៉ុន្តែ​អត់​ទេ​គាត់ឈ្លើយ​ណាស់ ​នៅ​​​​មុខ​ខ្ញុំ​និយាយ​ស្ដី​​​​មើល​ងាយ​កូន​ខ្ញុំ​ណាស់ ប៉ុន្តែ​នៅ​​ក្រោយ​​ខ្នង​​​​គាត់​​​​តាម​យក​ចិត្ត​ថ្លើម​កូនខ្ញុំ ​និង​ជា​មនុស្ស​​​ទុក​ចិត្ត​អត់​បាន​ទាល់​តែ​សោះ​!”។

លោក ​អ៊ិន សុភិន បន្ត​ថា​​​​​ក្រោយ​ផ្ទុះរឿងទាក់​ពាក្យ​សម្ដី​រហូត​ឈាន​ដល់​វាយ​ទាត់​ធាក់​ប៉ែន ចំរ៉ុង ក្នុង​ពេល​​​​លោក​ប៉ែន ចំរ៉ុង ស្កាត់ទៅជួប​ដាលីសដល់​មុខ​ផ្ទះ​កាល​ពី​យប់​ថ្ងៃ​ទី​​២៦ ខែសីហា។ លោក​ថា​​រវាង​​លោក​ និង​​តារា​ប្រុសរូប​នេះ ​នឹង​ប្រែ​​ក្លាយ​ជា​គូ​ជម្លោះ​ស៊ី​សាច់​ហុត​ឈាម​បើ​ប៉ែន ចំរ៉ុង នៅ​តែ​​​​បន្ត​​ទាក់​ទង​​​​​​កូន​ស្រី​របស់​ខ្លួន​។

លោក​បញ្ជាក់​ថា​៖ “​មុន​ផ្ទុះ​​​​រឿង​​វ៉ៃ​​ចំរ៉ុង​ក្នុង​ពេល​គាត់​​មក​តាម​កូន​ខ្ញុំ​ដល់​មុខ​ផ្ទះ​ហ្នឹង  ខ្ញុំសារភាព​ថា​ខ្ញុំ​ហាម​កូន​ខ្ញុំ​អត់​ស្ដាប់ ប៉ុន្តែ​គាត់​​ចាស់​ទុំ​​ជាង​កូន​ខ្ញុំ​​​​បើ​គាត់​​​​​ឈប់​ វា​មិន​ដែល​​មនុស្ស​ស្រី​ណា​សុខ​ចិត្ត​ធ្វើ​ថោក​​ទៅ​​​​រក​ប្រុស​​កើត​ទេ អ្វី​ដែល​​ខ្ញុំ​ខឹង​បំផុតគឺ​ឲ្យ​តែ​ពេល​ដែល​ខ្ញុំ​​សុំ​​ឲ្យ​គាត់​ដក​ខ្លួន ​​ចំរ៉ុង​​​សន្យា​ជា​មួយ​ខ្ញុំ​រហូត​​​ថា​ឈប់​ៗ​ហើយ ​ប៉ុន្តែ​ការពិត​​​​គាត់​​​និយាយ​ផ្សេង​ធ្វើ​ផ្សឹង ហើយ​​​​​​​​និយា​យ​ស្ដី​របៀប​មើល​ងាយ​កូន​ខ្ញុំ​​​​ទៀត គឺ​ដូច​​គាត់​ហ្នឹង​អស្ចារ្យ ហើយ​​កូន​ខ្ញុំ​តែ​ម្ខាង​​ជា​អ្នក​​ទៅ​រក​គាត់​អញ្ចឹង​!”។

​ថៅកែ​ផលិតកម្មមហាហង្ស​​និយាយ​ថា៖ “​​​​ពេល​ដឹង​រឿង​ដំបូង​ខ្ញុំ​​​​​គិត​ចង់​ផ្ដាច់​ពាក្យ​​ពី​​​​​​គូដណ្ដឹង​ដាលីស​​​​​លើក​​ឲ្យ​គាត់(ប៉ែន ចំរ៉ុង)តើ ព្រោះ​អត់​ចង់​បំបែក​បំបាក់​កូន​ទេ ប៉ុន្តែ​ស្គាល់​កាន់​តែយូរ ​ ​ចំរ៉ុង​កាន់តែ​ឈ្លើយ ​បើ​និយាយពី​ការងារ​វិញគឺ​​​​មើលឃើញ​តែ​​លុយ​អត់​ដែល​​យោគយល់ទេ ​​​ជាក់ស្ដែង​​​ក្នុង​មួយ​ឆ្នាំ​​​ៗ​។ ខ្ញុំ​ហៅ​គាត់​ថត​ច្រើន​រឿង​ណាស់ ​គឺ​គាត់​​​​​​​​​​​ស៊ី​ថ្លៃ​ពេញៗ សូម្បី​តែ​ខ្ញុំ​និយាយ​ថា​ចំរ៉ុង​អើយ​ចុះ​ថ្លៃខ្លះ​ទៅ​ ​គង់​តែ​ថ្ងៃ​ក្រោយ​ឪពុក​ក្មេ​ក​កូន​ប្រសារ​ទេ ​​ គាត់​ឆ្លើយ​​មក​វិញ​ថា ​​​ឪពុក​ក្មេក​កូន​ប្រសារ​ផ្សេង ​រឿង​លុយ​ផ្សេង ​​ហើយ​ខ្ញុំ​​​​ឆ្អែត​ចិត្តជាង​គេ​គឺ​ត្រង់​​​​ ​ធម្មតា​ខ្ញុំ​មិន​ដឹង​ថា​​​តម្លៃ​ខ្លួន​គាត់​ប៉ុន្មាន តែ​ដល់​ពេល​ហៅ​គាត់​មក​ថត​រឿង​ក្រោយ គឺ​​គាត់ថា​​រឿង​ថ្មី​​តម្លៃ​​ថ្មី​​ហើយ ​ដោយ​សូម្បី​តែ​គាត់​ឡើង​ចុះ​ផ្ទះ​យើង​ស៊ី​បាយ​ផ្ទះ​យើង​ ​​​​ហើយ​​​យើង​​​​យោគយល់​​​​ផ្ដល់​រឿង​​ឲ្យ​គាត់​ថត​​​​​​​មួយ​​ឆ្នាំ​​​​​​៤​​-៥រឿង​​!។ អ្វី​ដែល​ខ្ញុំ​ទ្រាំ​អត់​បាន គឺ​គាត់​ប្រាប់គេ​ថា​អត់​ស្រឡាញ់​ដាលីស​ទេ ប៉ុន្តែ​គាត់​​​​​​​បែរ​ជា​​​​​បន្ត​ធ្វើ​អញ្ចឹង​!”។


កញ្ញា ភិន សុដាលីស និង​លោក ប៉ែន ចំរ៉ុង(រូបថតពីហ្វេសប៊ុក​)


លោក​ថា​​ក្នុង​មួយ​ឆ្នាំៗ លោក ​​ប៉ែន ចំរ៉ុង ទទួល​រឿង​ពី​គាត់​​មិន​ក្រោម​​​១ម៉ឺន​ដុល្លារ​នោះ​ទេ ​​​​​ក្នុង​ពេល​ដែល​​រឿង​​​​​​នីមួយៗ​​មាន​តម្លៃ​​​​​​​​២​០០០​ទៅ​​​២៥០០​ដុល្លារ​។ លោក​​បន្ត​ថា៖ “​ខ្ញុំ​អត់​ដឹង​ថាចំរ៉ុងនិយាយ​អី​ខ្លះ​ទើប​កូន​ខ្ញុំ​បាក់​ចិត្ត​ដល់​ម្ល៉ឹង​​ទេ ប៉ុន្តែ​នៅ​ក្នុង​សិល្បៈ​អ្នក​ណា​មិន​ស្គាល់​ថា​ចំរ៉ុង​​​​​ពូកែ​បោ​កស្រី​ៗ សូម្បីតែរបស់​អ្នកណា​ក៏​​អត់​​រើស​មុខ​ដែរ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​​​​​បាន​ត្រៀមរួច​ហើយ​ថា​នឹង​បក​ស្បែក​​ម្ដង ​បើ​នៅ​តែ​​ទាក់​ទង​កូន​ខ្ញុំ ​ខ្ញុំ​ត្រូវ​​​​​សុខ​ចិត្ត​ហែក​ទ្រូង​​ឲ្យ​ក្អែក​ចឹក គឺ​អត់​​​​ឲ្យ​គាត់​​​​មើល​ងាយ​​​គ្រួសារ​ខ្ញុំ​ទេ​!”។

លោក​ព្រមាន​​​ឲ្យ​ប៉ែន ចំរ៉ុង ដក​ខ្លួន​ពី ភិន សុដាលីស ​​​​ មុន​ពេល​​រឿង​រ៉ាវឡើង​កម្តៅ​​ជាង​នេះ​។ ​​​​​លោកថា​លោក​​​បាន​​​ត្រៀម​​​ចិត្ត​​​​​​កាត់កាល់​កូន​ស្រី​ផងដែរ​​ បើ​នៅ​តែ​​​​ហ៊ាន​​​លួច​មាន​ទំនាក់​ទំនង​​​​​​ជា​មួយ​លោក​ប៉ែន ចំរ៉ុង ​មិន​ស្ដាប់​តាម​ការ​ហាម​ប្រាម​របស់​លោក​។ លោក​អ៊ិន សុភិន ​និយាយ​ថា៖ “សាច់​ម៉ាដុំ​ហ្នឹង​ខ្ញុំ​កាត់​ចោល ប៉ុន្តែ​​​​​កូន​ខ្ញុំ​​វា​​​ជំទាស់ខ្ញុំដោយ​សារអត់​ដឹង​​ថា​ចំរ៉ុងហ្នឹង​វា​បោក​ទេ គ្នា​​ស្មានតែ​ស្រឡាញ់​មែន​ទែន។ ខ្ញុំ​ចង់​​ឲ្យដាលីស​​​​ឮសម្តី​ដែល​ចំរ៉ុង និយាយ​ជា​មួយ​ខ្ញុំ​ និង​ជា​មួយ​​​​​​​មិត្ត​ភ័ក្រ្ត​វា​ដែល​វាមើល​ងាយ​​ដាលីស​ណាស់ ប៉ុន្តែ​កូនខ្ញុំ​វា​អត់​ជឿ! រឿង​ហ្នឹង​បើ​ចំរ៉ុង​បញ្ឈប់​កុំ​​បន្ត​​​លែប​ខាយ​កូន​ខ្ញុំ ហើយ​​​​​​​​​​​​​​​​ពន្យល់​ដាលីស​ទៅ​ គឺ​វា​ចប់​ហើយ»។ 

គួរ​បញ្ជាក់​ផងដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​​​ទេ ដែល​ប៉ែន ចំរ៉ុង ​ត្រូវ​បាន​បែក​ធ្លាយ​រឿង​រ៉ាវ​​ស្នេហា​ជា​មួយ​តារា​ស្រី​នៅ​ក្នុង​ពិភ​ព​សិល្បៈ​។

នៅពេលទាក់ទងដើម្បី​សុំ​ការ​ឆ្លើយ​តប ​ទូរស័ព្ទ​គ្រប់​ខ្សែ​របស់​​​ប៉ែន ចំរ៉ុង ត្រូវ​បាន​​​​​បុរស​​ម្នាក់​ដែល​មានសំឡេង​​​បេះបិទ​នឹង​​លោក​ប៉ែន ចំរ៉ុង អះ​អាង​ថា​ជា​បង​ប្រុស​លើកជំនួស​។ លោក​អះ​អាងថា​​​ប៉ែន ចំរ៉ុង ជាប់​ថតនិង​​ថា​​​​ជា​រឿង​ផ្ទាល់​ខ្លួនរបស់​គេ ​សុំ​​អត់​និយាយនោះ​ទេ​។ វីអូឌី​បាន​ព្យាយាម​ទាក់ទង​ជា​បន្ត​បន្ទាប់​រហូត​មកពេល​ចុះ​ផ្សាយអត្ថ​បទ​។ ​​​​​​វីអូឌី​ក៏មិន​អាច​សុំ​ការ​ពន្យល់ពី​កញ្ញា ភិន សុដាលីស ​បាន​ដូច​គ្នា ​បន្ទាប់​ពី​ទូរស័ព្ទ​របស់​នាង​ខល​ចូល​មិន​លើក​និង​បិទ​ទូរស័ព្ទ​ចោល​​​នៅ​ពេល​ខល​ចូល​ច្រើន​លើក​កា​ល​ពីព្រលប់​​ថ្ងៃ​ទី​២៧ ខែ​សីហា៕

No comments:

Post a Comment