“ចាប់ពីថ្ងៃនេះទៅខ្ញុំជួប ប៉ែន ចំរ៉ុង កន្លែងណា នឹងតាមវាយគេកន្លែងនោះ ប្រសិនបើមិនឈប់ទាក់ទងជាមួយ ដាលីស កូនស្រីខ្ញុំទេ” ។ នេះជាសំដីរបស់លោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្មមហាហង្ស និងជាឪពុក របស់តារាសម្ដែង ភិន សុដាលីស ត្រូវបានលើកឡើងក្នុងពិធីសន្នីសីទសារព័ត៌មាន នៅក្នុងថ្ងៃទី ២៧ ខែសីហានេះកាលពីម៉ោង១០ និង១៥នាទី នៅផលិតកម្មមហាហង្ស។
មូលហេតុដែលនាំឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងបែបនេះ បន្ទាប់ពីលោកអ៊ិន សុភិនបានដឹងដំណឹងថា លោក ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងកំពុងតែមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ និងកូនស្រីរបស់លោក គឺកញ្ញា ភិន សុដាលីស កំពុងតែមានទំនាក់ទំនងស្នេហាគ្នាយ៉ាងផ្អែមល្ហែម។ បន្ទាប់ពីរូបលោក បានចរចាគ្នាជាមួយលោក ប៉ែន ចំរ៉ុង និងកូនស្រីរបស់លោកនិងការព្រមានជាមុនថា ឲ្យពួកគេទាំងពីរ ( ដាលីស និង ប៉ែន ចំរ៉ុង )បញ្ឈប់ទំនាក់ទំនងគ្នានិងបញ្ចប់សម្ព័ន្ធភាពស្នេហានោះ ។ ប៉ុន្ដែអ្នកទាំងពីរ នៅតែបន្ដទំនាក់ទំនងស្នេហាជាមួយគ្នាដដែល។ លោកអ៊ិន សុភិន បន្ដថា អ្វីដែលធ្វើ ឲ្យលោកកាន់តែមានកំហឹងខ្លាំងជាងនេះ ដោយសារលោកធ្លាប់បានខលទៅបញ្ជាក់ពីបញ្ហានេះម្ដងទៀតជាមួយលោក ប៉ែន ចំរុង ឲ្យឈប់ និងកាត់ផ្ដាច់ទំនាក់ទំនងជាមួយកូនស្រីរបស់លោក ប៉ុន្ដែទូរស័ព្ទត្រូវបានបងប្រុសរបស់ប៉ែន ចំរ៉ុងលើកជំនួសដោយនិយាយថា គេក៏មានកូនស្រីដែរ ឲ្យខ្ញុំប្រាប់តែកូនស្រីខ្ញុំទៅកុំឲ្យទៅទាក់ទងប្អូនប្រុសរបស់គេទៅបានហើយ។ ការលើកឡើងបែបនេះហាក់ដូចជា មិនបានផ្ដល់តំលៃឲ្យគ្រួសារខ្ញុំបន្ដិចសោះ។ លោក អ៊ិន សុភិន បន្តថាទើបយប់ម៉ិញខ្ញុំក៏បានឈរចាំកូនស្រីខ្ញុំនៅមុខផ្ទះប្រហែលជាម៉ោង១០ ព្រោះខ្ញុំដឹងថា ពួកគេនៅជាមួយគ្នា ពេលដែល ដាលីស មកដល់ផ្ទះបើកទ្វាឲ្យចូលឡានហើយនាងក៏មិនបានចូលឡានក្នុងផ្ទះដែរ ដូចជាមានបំណងមកផ្លាស់សំលៀកបំពាក់ហើយចេញ ទៅក្រៅបន្ដ ។ ខ្ញុំដឹងថា ចំរ៉ុង នៅក្នុងឡាននោះខ្ញុំក៏ទៅសួរនាំហើយ ក៏បានដេញធាក់ចំរ៉ុងពីរ ទៅបីជើង និងវាយពីរទៅបីដៃទៀត តែគេអត់បានតបតអ្វីឡើយ។ ក្រោយមកគេក៏ដើរទៅបាត់ខ្ញុំមិនដឹងថាទៅណាទេ។ លោក អ៊ិន សុភិន បន្ដថា ថ្ងៃនេះខ្ញុំប្រកាសថា ខ្ញុំ នឹងទៅផ្ទះ ប៉ែន ចំរ៉ុង ឬក៏ទៅគ្រប់កម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ ដែលមាន ប៉ែន ចំរ៉ុង បន្ដផ្ទាល់។(ជួបកន្លែងណា ខ្ញុំវាយកន្លែងហ្នឹង ខ្ញុំធ្វើផ្ទាល់ដៃ ដោយខ្លួនឯងមិនបាច់ប្រើនរណាទេ) ។ គាត់ធ្វើឲ្យខ្ញុំអាម៉ាស់ ជាមួយមនុស្សគ្រប់គ្នា ខ្ញុំ នឹងធ្វើឲ្យគាត់អាម៉ាស់វិញមិនខាន ប្រសិនបើគាត់មិនព្រមបញ្ចប់ទំនាក់ទំនងស្នេហាជាមួយកូនស្រីរបស់ខ្ញុំ។ ខ្ញុំបានត្រៀមខ្លួនជាស្រេចចំពោះមុខច្បាប់ ខ្ញុំមិនខ្លាចអ្វីទាំងអស់ ខ្ញុំចង់ឲ្យតែគាត់ប្ដឹងខ្ញុំទេ ហើយខ្ញុំសូមបញ្ជាក់ថា ប្រសិនបើ ចំរ៉ុង មានគ្រោះថ្នាក់ដោយប្រការណាមួយ ឬរបួសស្នាមអី្វមួយ រកឃើញភស្ដុតាងថា ខ្ញុំធ្វើខ្ញុំទទួល។ លោក អ៊ិន សុភិន ក៏បញ្ជាក់ថា ពីដំបូង ខ្ញុំក៏មានអារម្មណ៍ពេញចិត្ដ ជាមួយក្មេងម្នាក់នេះដែរ ថែមទាំងបាននិយាយរឿងទាំងនេះជាមួយក្រុមគ្រួសារខ្ញុំថែមទៀត តែក្រោយមកខ្ញុំមើលឃើញថា ក្មេងនេះយ៉ាប់ពេក ធ្វើអ្វីគិតតែផលប្រយោជន៍ខ្លួនឯង។ ក្នុងនាមខ្លួនឯងអ្នកស្រលាញ់កូនស្រីគេ មិនដែលបានធ្វើអ្វីជាប្រយោជន៍ដល់ក្រុមគ្រួសារទេ គិតតែរឿងលុយមួយមុខគត់ លើសពីនេះពេលធ្វើការងារឲ្យមហាហង្ស ទំរាំសុំពេលថតបាននោះគឺយ៉ាប់មែនទែន។ ទី២ ខ្ញុំធ្លាប់ឮថា តារាសម្ដែងរូបនេះសំបូរស្រីច្រើនក្នុងសិល្បៈ រហូតមានគេសួរខ្ញុំថា តើខ្ញុំខ្វះមនុស្សប្រុសយកមកធ្វើកូនប្រសារមែនទេ បានឲ្យកូនទៅស្រលាញ់គ្នាជាមួយ ចំរ៉ុង។ នេះហើយជាបញ្ហាដែលខ្ញុំត្រូវគិត ខ្លាចថ្ងៃក្រោយគេស្រលាញ់តែលុយមិនស្រលាញ់កូនខ្ញុំ ធ្វើបាបចិត្ដកូនខ្ញុំ សុខចិត្ដខ្ញុំឲ្យពួកគេចប់ឲ្យហើយ។ លោក បន្ថែមថា មុនពេលកើតរឿងនេះឡើងខ្ញុំបានប្រាប់ដល់ ចំរ៉ុង និងកូនស្រីខ្ញុំ ប៉ុន្ដែគេនៅតែទាក់ទងគ្នា ដូច្នេះខ្ញុំត្រូវតែធ្វើឲ្យបាន ព្រោះគេមិនឲ្យតំលៃគ្រួសារខ្ញុំ។ ខ្ញុំក៏មិនខ្វល់ពីចិត្ដកូនខ្ញុំដែរ ដោយសារខ្ញុំបានប្រាប់គេហើយប្រសិនបើគេជ្រើសរើសគ្រួសារ ខ្ញុំសប្បាយចិត្ដ បើគេជ្រើសបុរសនោះ(ប៉ែន ចំរ៉ុង )ដោយចាកចេញពីផ្ទះខ្ញុំក៏ មិនទទួលស្គាល់ស្នេហាពួកគេដែរ។ លោកអ៊ិន សុភិន ក៏បញ្ជាក់ថា រឿងការងារគឺការងារ បញ្ហាផ្ទាល់ខ្លួនជារឿងផ្សេង ដូច្នេះរាល់ភាពយន្ដដែលមាន ចំ រ៉ុង សម្ដែងឲ្យមហាហង្ស គឺខ្ញុំនៅតែចាក់បញ្ចាំងជាធម្មតា។ ជាមួយគ្នាដែរលោក អ៊ិន សុភិន បន្ថែមថា ខ្ញុំនឹងពិភាក្សា ជាមួយក្រុមគ្រួសារនិងរៀបចំពិធីមង្គលការរវាង ប៉ែន តុលា និងកូនស្រីខ្ញុំ ដែលជាគូដណ្តឹងនឹងគ្នា ក្នុងខែធ្នូឆ្នាំ២០១៥ ខាងមុខនេះបើអាចទៅរួច៕

No comments:
Post a Comment